“របស់របរមួយទឹកល្អៗជាច្រើន រួមទាំងរបស់លាងឃ្លាំង
នឹងមានលក់នៅផ្សារកម្សាន្ត SunFair ព្រឹកថ្ងៃអាទិត្យនេះ”។
នេះបើយោងតាមលោក កឹម អឿន ម្ចាស់គម្រោងផ្សារ SunFair
ដែលជាផ្សារដំបូងគេមិនធ្លាប់មាននៅកម្ពុជា
លក់របស់របរប្រើប្រាស់មួយទឹក។
នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រូបនេះ
បន្តថា ក្រៅតែពីរបស់របរប្រើប្រាស់មួយទឹក
ផ្សារកម្សាន្តក៏នឹងមានលក់ផលិតផលខ្មែរធ្វើដោយដៃ
សម្លៀកបំពាក់របៀបខ្មែរ បន្លែសរីរាង្គ (គ្មានគីមី)
និងមានលក់អាហារឆ្ងាញ់ៗដូចជា នំបញ្ចុកខ្មែរ បាយដំណើបសាច់ជ្រូកអាំង
អាហារបែបជប៉ុន និងរបស់របរប្លែកៗជាច្រើនទៀតសរុបជាង ១០០ ស្ដង់
ដែលនឹងបើកលក់លើកដំបូងនៅថ្ងៃអាទិត្យ ទី៧ សីហា នេះ ចាប់ពីម៉ោង ៨
ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ក្នុងបរិវេណស្ដាតអូឡាំពិក។
អ្នកចូលរួមនឹងទទួលបានការអប់រំថ្មីៗប្លែក
និងការកម្សាន្តអារម្មណ៍ទៀតផង។
លោក កឹម អឿន ថា ប្រាក់ចំណេញ ៦០%
នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា មូលនិធិអៀង
(ធ្វើការលើវិស័យអប់រំតាមជនបទ) និងគម្រោង Akahige
របស់មន្ទីរពេទ្យជប៉ុន-Sunrise Japan Hospital នៅកម្ពុជា
ដែលនឹងបើកដំណើរការនៅដើមខែកញ្ញា នេះ និងផ្ដល់ការវះកាត់បេះដូង
និងខួរក្បាលស្តង់ដារជប៉ុន។
SunFair គឺផ្អែកតាមគំនិតម៉ត់តៃណៃ (MOTTAINAI) និង ស៥ (5S)
របស់ជប៉ុន
ដោយកាត់បន្ថយការទិញរបស់ប្រើប្រាស់ថ្មីៗច្រើនពេកដែលធ្វើឲ្យ
ប៉ះពាល់ដល់ធនធានធម្មជាតិ និងបរិស្ថាន
ហើយងាកមកប្រើប្រាស់របស់មួយទឹកវិញ។ ស៥
នឹងអាចជួយឲ្យការរស់នៅរបស់យើងស្អាតមានសណ្ដាប់ធ្នាប់។
ផ្សារនេះបើកឲ្យសាធារណៈជនដាក់លក់របស់ប្រើប្រាស់រួចដែលខ្លួនគិត
ថាលែងចង់ប្រើប្រាស់ និងចង្អៀតនៅផ្ទះ ដូចជា សៀវភៅសិក្សា
របស់របរកូនក្មេង គ្រឿងសង្ហារិម កុំព្យូទ័រ កង់-ម៉ូតូ សម្ភារៈការិយាល័យ
វត្ថុបុរាណ និងសម្ភារៈប្រើប្រាស់ផ្សេងៗច្រើនទៀត-ល-។
អ្នកក៏អាចលក់ឬទិញឡាននៅទីនោះផងដែរ។
ផ្សារមួយគ្មានពីរនេះ បើករៀងរាល់ថ្ងៃព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះ។ កុំភ្លេចឆ្លៀតទៅមើលណា៎ ឮថាមានរបស់របរល្អៗច្រើនផង!


បញ្ចេញមតិ Comment របស់លោកអ្នកគឺជាការលើទឹកចិត្ត ដ៏សំខាន់មួយដល់ក្រុមការងាររបស់ KHMER LOCAL NEWS ( ដំណឹងស្រុកខ្មែរ ) ទោះបីជា មតិនោះរិះគន់ ឬសរសើរក្ដី ក៏ក្រុមការងារយើងខ្ញុំ ទទួល យក ដោយក្ដីរីករាយបំផុត ដើម្បីធើ្វការស្ថាបនា ត្រង់ចំណុចខ្វះខាតទាំងនោះ ដោយក្តីគោរព !!!